"ចករសាត់កាត់ព្យុះកម្ពុជា" គឺជាសៀវភៅមួយក្បាលដែលសរសេរដោយលោក ហៃ លីអ៊ាង ដែលជាឱសថបណ្ឌិត និងជាសហគ្រិនខ្មែរម្នាក់។ សៀវភៅនេះសរសេររៀបរាប់ពីដំណើរជីវិតរបស់អ្នកនិពន្ធដោយផ្តោតសំខាន់ទៅលើជីវប្រវត្តិ, បទពិសោធន៍នៃជីវិត និងការធ្វើជំនួញដែលលោកជួបប្រទះក្នុងនាមជាខ្មែរម្នាក់នៅបារាំងដែលបានចាប់ផ្តើមពីកុមារម្នាក់នៅភូមិជីហែ រួចជានិស្សិតដែលភៀសខ្លួនពីស្រុកកំណើតដែលញាំញីដោយសង្គ្រាម រហូតដល់ទៅក្លាយជាសហគ្រិនមួយដែលគួរឲ្យស្ញប់ស្ញែង។ វាក៏បានបូកបញ្ចូលដែរនូវការពិភាក្សាពីកម្រិតជីវភាព និងភាពមិនស្មើគ្នារវាងអ្នកមាន និងអ្នកក្រ ដែលអ្នកនិពន្ធជឿថាជាមូលហេតុមួយដែលនាំកម្ពុជាឲ្យធ្លាក់ទៅរកសង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍ ដែលឆក់យកជីវិតប្រជាជនជាច្រើននាក់ និងរុញកម្ពុជាឲ្យធ្លាក់ក្នុងរណ្តៅដែលយើងកំពុងព្យាយាមរកផ្លូវចេញមកវិញនេះ។ អ្នកនិពន្ធសម្លឹងឃើញថាភាពក្រីក្រ និងភាពអវិជ្ជាឯណេះទេដែលជាបញ្ហាធំដែលយើងត្រូវប្រឈមមុខ ឯការយកកំហឹងដើម្បីដោះស្រាយបញ្ហានោះគឺមិនផ្តល់ផលល្អអ្វីឡើយ
ខ្ញុំពេញចិត្តនឹងឃ្លាមួយដែលសរសេរថា "តើការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមមានប្រយោជន៍អ្វីទៅ បើយើងមិនដកចេញពីសង្គមយើងនូវស្មៅអាក្រក់ដែលបានចិញ្ចឹមការរវើរវាយដ៏ឆ្កួតលីលារបស់មនុស្សមួយចំនួនក្នុងក្រុមពួកគេនោះ?" ពិតមែន, ភាពមិនត្រូវរូវគ្នារវាងអ្នកទីក្រុង និងអ្នកជនបទនៅតែចោទជាបញ្ហា។ អ្នកទីក្រុងបានចាត់ទុកអ្នកជនបទមានឋានៈមិនស្មើនឹងខ្លួន ខណៈដែលអ្នកជនបទគិតថាពួកអ្នកមានភាគច្រើនគឺសុទ្ធតែកេងប្រវ័ញ្ច។ បើមិនអាចដោះស្រាយបញ្ហាទាំងនេះទេ នោះការអភិវឌ្ឍដែលពឹងផ្អែកតែលើមួយក្រុមគឺពិតជាពិបាក។
"ចករសាត់កាត់ព្យុះកម្ពុជា" បានផ្តល់មេរៀន ក៏ដូចជាគំនិតជាច្រើនដល់អ្នកអានក្នុងផ្នែកប្រវត្តិសាស្ត្រ សង្គមសាស្ត្រ ក៏ដូចជាជំនួញផងដែរ។ អ្នកគួរតែអានវា។